អាជ្ញាធរខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យបានរៀបចំពិធីបួងសួងតាមប្រពៃណី ដើម្បីយាងរូបសំណាក «ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ពិធីនេះបានប្រារព្ធធ្វើពីម្សិលមិញក្រោមអធិបតីភាពព្រះតេជគុណ ពិន សែម ប្រធានថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់។

តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរបានកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ដោយរៀបចំពិធីបួងសួងសុំយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ចេញពីទីតាំងបច្ចុប្បន្នទៅគង់នៅវត្តរាជបូណ៌ ហើយនាំរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌពីខេត្តឧត្តរមានជ័យមកដាក់នៅទីតាំងដើមនោះជំនួសវិញ។

រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ការកែសម្រួលនេះមានគោលបំណងស្ដារទ្រង់ទ្រាយប្រវត្តិសាស្ត្រនិងអត្តសញ្ញាណដើមរបស់ទីតាំងរង្វង់មូល ដោយរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ គឺជារូបសំណាក់ដើមដែលធ្លាប់បានតម្កល់នៅទីនោះពីមុន។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានរៀបចំពិធីបួងសួង ដើម្បីសុំសេចក្ដីសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងទូទាំងប្រទេស។

លោក លី វណ្ណៈ​ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប​បានជឿថា រូបសំណាក់នេះទំនងជាកសាងតាំងពីរសម័យអាណាព្យាបាលបារាំង ហើយបានយកទៅតម្កល់នៅខេត្តឧត្តរមានជ័យកាលកំលុងឆ្នាំ២០១០ ក្រោមហេតុផលរៀបចំផ្លូវនិងអភិវឌ្ឍទីតាំងនោះ។

លោកបានបញ្ជាក់ថា ការយាងរូបសំណាកត្រឡប់មកវិញ ក្រោយរដ្ឋបាលខេត្តទាំងពីរបានព្រមព្រៀងគ្នាតាមសំណើរបស់ប្រជាពលរដ្ឋចំនួនដែលមានជំនឿនិងចង់ឃើញរូបសំណាកចាស់រក្សាតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងអត្តសញ្ញាណទីក្រុង ក៏ដូចជាសញ្ញាសំខាន់សម្រាប់វិស័យទេសចរណ៍។

ទោះជាយ៉ាងណា ការផ្លាស់ប្តូរនេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួននៅខេត្តឧត្តរមានជ័យបានបង្ហាញអារម្មណ៍សោកស្តាយនិងអាល័យចំពោះរូបសំណាកដែលបានតម្កល់នៅទីនោះតាំងពីឆ្នាំ២០១០ ខណៈអ្នកនៅសៀមរាបនិងប្រជាពលរដ្ឋផ្សេងទៀតបានសម្តែងការគាំទ្រ ដោយយល់ថា ការយាងត្រឡប់ទៅទីតាំងដើម គឺសមស្របនឹងប្រវត្តិសាស្ត្រនិងអត្តសញ្ញាណដើម។ លើសពីនេះ ក៏មានមតិយោបល់ខ្លះបានទាញព្រឹត្តិការណ៍នេះភ្ជាប់នឹងជំនឿនិងសញ្ញាប្រផ្នូលផ្សេងៗផងដែរ។

កាលពីថ្ងៃអាទិត្យ លោក មាន ចាន់យ៉ាដា បានអុជធូបគោរពបូជារូបសំណាក និងបញ្ជាក់ជាសាធារណៈថា ការយាងរូបសំណាកនេះទៅសៀមរាបវិញ មិនមែនជាការលុបបំបាត់តម្លៃវប្បធម៌ឡើយ ប៉ុន្តែជាការស្ដារតម្លៃដើមរបស់ទីតាំងប្រវត្តិសាស្ត្រ ព្រោះរូបសំណាកនេះមានប្រភពដើមនៅខេត្តសៀមរាប និងជាសញ្ញាសំខាន់សម្រាប់វិស័យទេសចរណ៍ ជាពិសេសតំបន់ជិតអង្គរ។

អាជ្ញាធរខេត្តឧត្តរមានជ័យបានបញ្ជាក់ថា បន្ទាប់ពីការយាងរូបសំណាកនេះត្រឡប់ទៅវិញ ខេត្តនឹងរៀបចំកែលម្អរង្វង់មូលក្រុងសំរោងនិងដំឡើងរូបសំណាកថ្មីជា “ព្រះគោព្រះកែវ” ដើម្បីក្លាយជាសញ្ញាសម្គាល់វប្បធម៌ថ្មី និងជាចំណុចទាក់ទាញទេសចរណ៍។

ក្រោយមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្ដេញសង្គម លោក វ៉ាត ប៉ារ៉ានីន ដែលអតីតអភិបាលរងខេត្តឧត្តរមានជ័យ និងបច្ចុប្បន្នជាអភិបាលខេត្តព្រះវិហារបានបញ្ជាក់ថា មានគ្រាមួយនោះ លោកបានឃើញរូបសំណាក់ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌត្រូវអាជ្ញាធររក្សាទុកនៅសាលាខេត្តសៀមរាបចាស់ ហើយលោកបានមូលមតិលោក ប៉ិច សុខិន អភិបាលខេត្តឧត្តរមានជ័យចាស់បានស្នើសុំពីលោក ស៊ូ ភារិន្ទ ដែលជាអភិបាលខេត្តសៀមរាបនាពេលនោះ ដើម្បីយាងរូបសំណាក់នេះមកគង់ប្រថាប់នៅរង្វង់មូលក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១០។

លោកបានបញ្ជាក់ថា ការយាងរូបសំណាក់ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌមកគង់នៅខេត្តឧត្តរមានជ័យ ដើម្បីការពារជាតិ ទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស និងដើម្បីបន្សាបឥទ្ធិពលអ្នកដែលមានមហិច្ឆតាឈ្លានពានទឹកដីខ្មែរ។ លើសពីនេះ ដើម្បីគោរពបូជាសុំសេចក្តីសុខដល់ខេត្ត និងប្រជាជន ក៏ដូចជាផ្តល់អំណាចដល់ថ្នាក់ដឹកនាំខេត្តលើការគ្រប់គ្រងនិងថែរក្សាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។

តាមឯកសារស្រាវជ្រាវ រូបសំណាក់ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ ជាស្នាដៃសិល្បៈដ៏អស្ចារ្យរបស់ខ្មែរ ដែលឆ្លុះបញ្ចាំងពីជំនឿសាសនានិងអំណាចតេជៈក្នុងសម័យអង្គរ។ នៅក្នុងប្រវត្តិសាស្ត្រសិល្បៈខ្មែរ គឺជាអាទិទេពមួយដែលមានតួនាទីរក្សាលោក។ រូបសំណាក់នេះមិនត្រឹមតែបង្ហាញក្បាច់ចម្លាក់ដ៏មានសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កបអត្ថន័យទស្សនវិទ្យាខ្ពស់ទាក់ទងនឹងសេចក្ដីល្អមានជ័យជម្នះលើសេចក្ដីអាក្រក់។

ចំណែកអត្ថន័យខាងសាសនានិងនយោបាយបុរាណវិញ ការកសាងរួបសំណាក់ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌត្រូវបានប្រើប្រាស់ក្នុងបំណងលើកតម្កើងអំណាចព្រះមហាក្សត្រ ដែលចាត់ទុកថាជាទេវរាជ ឬអវតារបស់ព្រះវិស្ណុចុះមកគ្រប់គ្រងផែនដី។ នៅតាមប្រាសាទបុរាណ គេឃើញរូបសំណាក់នេះយ៉ាងច្បាប់នៅតាមប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និងប្រាសាទព្រះខ័នជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed